សាងខ្លួនឯងដោយការចេះប្រើពាក្យសម្តី បង្កើនចំណងមេត្រី មិត្តភាព ក្តីស្រឡាញ់ ហ្វឹកហាត់សន្ទនាឲ្យមានប្រយោជន៍ ទម្លុះទម្លាយឧបសគ្គក្នុងការចរចារ ។
សម្តីជាឯក លេខជាទោ
សម្តីធ្វើឲ្យមនុស្សមានសិរីសួស្តី ឬ អពមង្គល
សម្តីធ្វើឲ្យមនុស្សមានកម្លាំងចិត្ត ឬ បាក់ទឹកចិត្ត
សម្តីធ្វើឲ្យមានសង្រ្គាម ឬ សន្តិភាព
សម្តីធ្វើឲ្យមនុស្សលិច ឬ អណ្តែត
សម្តីធ្វើឲ្យមនុស្សទទួលជោគជ័យ ឬ បរាជ័យ
ហេតុនេះតើយើងអាចមិនយកចិត្តទុកដាក់អំពីសម្តីបានដែរឬទេ?
មនុស្សគ្រប់រូបតែងប្រាថ្នាចង់ឲ្យខ្លួនបានទទួលអ្វីល្អៗក្នុងជីវិត ចង់ឲ្យមានសម្រស់ដូចនាងវិសាខា ចង់មានបញ្ញាដូចព្រះមហោសថ ចង់ឲ្យមានទ្រព្យសម្បត្តិដូច ប៊ីលហ្កេត ចង់ឲ្យមានអំណាចដូច អ៊ីទ្លែរ ជាដើម ។ប៉ុន្តែអ្វីដែលយើងប្រាថ្នាវាគ្រាន់តែជាចំណុចចាប់ផ្តើមមួយប៉ុណ្ណោះ ហើយក្តីប្រាថ្នាខ្លះ វាអាចប្រែប្រួលទៅតាមពេលវេលា ទៅតាមការសិក្សា ការសេពគប់ ឬទៅតាមវិចារណញ្ញាណរបស់មនុស្សម្នាក់ៗផងដែរ ។ ដើម្បីដើរទៅរកក្តីប្រាថ្នារបស់ខ្លួន មនុស្សម្នាក់ៗត្រូវមានដើមទុន ដើមទុននោះ មិនមែនជាលុយកាក់ឬ ទ្រព្យសម្បត្តិអ្វីទេ តើជាអ្វីទៅវិញ ?
សម្តី គឺជាដើមទុនមួយក្នុងចំណោមដើមទុនទាំងបី ការធ្វើ ការនិយាយ ការគិត ដែលចាស់ៗតែងនិយាយថា កាយ វាចារ និង ចិត្ត ។
ទុនទាំងបីយ៉ាងនេះ យើងអាចហ្វឹកហាត់ឲ្យវាកាន់តែប្រសើរបាន ទៅតាមបទពិសោធន៍ និងតាមវិធីសាស្រ្តផ្សេងៗ ។ការចេះប្រើសម្តីឲ្យមានប្រយោជន៍ ជាប្រការសំខាន់ដែលមនុស្សយើងគ្រប់គ្នាមិនអាចបដិសេធបានឡើយ ។ អ្នកដែលចេះប្រើពាក្យសម្តីបានល្អ ទោះបីជាទៅដល់ទីណា ជួបអ្នកណា ធ្វើការងារអ្វីៗ គេតែងមានអ្នករាប់រក ស្វាគមន៍ និងជួយឈឺឆ្អាលជ្រោមជ្រែងគ្រប់ពេលវេលា ។ សម្តី មិនពិបាកឲ្យលោកអ្នកត្រូវចំណាយអ្វីច្រើនប៉ុន្មានទេ ។ តែ អ្វីដែលលោកអ្នកបានទទួលពីការចេះប្រើសម្តី វាច្រើនហួសពីការស្មាន និង ព្រមទាំងជួយឲ្យឆាកជីវិតរបស់អ្នក និងមនុស្សដែលនៅជុំវិញអ្នក បានរីកស្រស់បំព្រងប្រកបដោយមេត្រីភាពនិងក្តីសុខដុមរមនា។ លោកអ្នកអាចនឹងយល់ឃើញថា ការនិយាយ គឺជារឿងធម្មតា ឲ្យតែចេះភាសា អ្នកណាក៏និយាយបានដែរ ។
រឿងនេះខ្ញុំមិនហ៊ានជំទាស់ទេ ប៉ុន្តែការប្រើសម្តីឲ្យបានល្អ វាមិនមែនជារឿងងាយដូចដែលលោកអ្នកគិតនោះឡើយ ។ ការដែលមនុស្សម្នាក់ៗសម្តែងឥរិយាបថរបស់ខ្លួនចំពោះអ្នកដទៃ ឬចំពោះរឿងរ៉ាវផ្សេងៗឲ្យបានត្រឹមត្រូវ ក្នុងសង្គមដែលមានបែបបទស្មុគស្មាញដូចសព្វថ្ងៃនេះ អ្នកចាំបាច់ត្រូវរៀនស្វែងយល់ពី វិធីនិយាយ ដើម្បីធ្វើឲ្មនុស្សគ្រប់ប្រភេទមានការ ពេញចិត្តនឹងខ្លួងឯង ព្រមទាំងមើលមកអ្នកនិយាយដោយក្រសែភ្នែកកោតសរសើរនិង ស្ញប់ស្ញែង បើមិនមានវិធីល្អៗយកមកនិយាយទេ កិច្ចការដែលអ្នកធ្វើ វាអាចនឹងឈានទៅរកភាពទ័លច្រកបាន ។
សៀវភៅ សិល្ប៍វិធីក្នុងការនិយាយ នេះបានបង្ហាញពីវិធីផ្សេងៗយ៉ាងសម្បូរបែប ឲ្យ
លោកអ្នកយកសម្តីទៅប្រើជាទឺកអម្រិតសម្រាប់ប្រោះព្រំឲ្យមានអ្វីល្អៗកើតឡើង ឬអាចយក
មកប្រើជាអាវុធការពារខ្លួនយើងផង ហើយម្យ៉ាងទៀត ក៏ដើម្បីជួយឲ្យយើងចេះប្រើវាយ៉ាងណា កុំឲ្យសម្តីក្លាយទៅជាអាវុធធ្វើឲ្យអ្នកដទៃឈឺចាប់ដោយពុំមានការចាំបាច់ផងដែរ ។
Comments
Post a Comment