ចូរបង្ហាញឲ្យឃើញថា អ្នកជាមិត្តល្អជាមុនសិន មុននឹងអ្នកស្វែងរកមិត្ត, បើអ្នកនិយាយពិរោះស្តាប់ ដោយចេតនាបរិសុទ្ធ តើមាននរណាចង់ធ្វើជាសត្រូវជាមួយអ្នកទៀតឬ? ដូចពំនោលមួយបានពោលថា “ចូរធ្វើតែកិច្ចការរបស់ខ្លួនអ្នកចុះ កុំទៅខ្វល់បង្កសត្រូវ ច្បាប់ធម្មជាតិនឹងមកចាត់ការជំនួសយើងជាមិនខាន” ។
ការសន្សំរឿងជាមួយសត្រូវ ធ្វើឲ្យយើងខាតបង់ពេលវេលា និងខាតបង់កម្លាំងកាយចិត្តដោយឥតប្រយោជន៍។ការដែលយើងមិនរវល់នឹងគេក៏មិនមែនបានន័យថា គេមិនរវល់នឹងយើងដែរ។ ប្រសិនបើសត្រូវគេចេះតែមកសន្សំរឿង តើអ្នកគួរធ្វើដូចម្តេច?បុរសម្នាក់ទើបនឹងទិញដីមួយកន្លែង ថ្ងៃមួយ ពេលគេកំពុងដើរពិនិត្យព្រំដីដែលទើបនឹងទិញនោះ ម្ចាស់ដីដែលមានព្រំរបងជាប់គ្នាបានមកតវ៉ាថា “អ្នកកុំទាន់ពិនិត្យព្រំដីអី ចាំនិយាយគ្នាសិន ដីនេះនៅមានក្តីក្តាំជាមួយខ្ញុំមិនទាន់ដាច់ស្រេចនៅឡើយទេ របងអ្នកឯងចូលមកខាងដីខ្ញុំដល់ទៅជាងពីរម៉ែត្រឯណោះ” ។
នេះជាចំណុចចាប់ផ្តើមដែលអាចបង្កឲ្យទៅជាទំនាស់ ហើយវាក៏អាចក្លាយទៅជាជម្លោះរាលដាលរហូតដល់រាប់តំណមនុស្សទៅមុខទៀតប្រសិនបើយើងមិនចេះដោះស្រាយ។ ប៉ុន្តែម្ចាស់ដីថ្មីបែរជាញញឹមដាក់ ហើយឆ្លើយថា “ក្នុងចិត្តរបស់ខ្ញុំ បើទៅដល់ទីណា ខ្ញុំនឹងសន្សំមិត្តនៅទីនោះ ខ្ញុំត្រូវការឲ្យមានភាពអធ្យាស្រ័យរវាងគ្នានិងគ្នាជាមួយអ្នកជិតខាង ហើយខ្ញុំរំពឹងថាទៅថ្ងៃក្រោយ យើងមុខជាក្លាយមកជាអ្នកជិតខាងដែលល្អនិងគ្នា ហេតុនេះបើយល់ថាព្រំត្រឹមណាត្រឹមត្រូវ ចូរអ្នករំកិលឲ្យត្រូវចុះ ហើយខ្ញុំនឹងចេញប្រាក់ចាយវាយផ្សេងៗក្នុងកិច្ចការនេះ។ខ្ញុំរីករាយនឹងធ្វើនូវអ្វីដែលជួយឲ្យអ្នកបានសប្បាយចិត្ត”។
ទីបំផុត របងដីក៏នៅតែដដែលឥតមានរុះរើទៅណា អាចមកពីអ្នកដែលចង់តាំងខ្លួនជាសត្រូវ គេប្តូរចិត្តទៅវិញ។ ថ្ងៃក្រោយមកអ្នកជិតខាងទាំងពីរនាក់បានក្លាយជាមិត្តនិងគ្នានិងមានចំណង់មេត្រីល្អជាមួយគ្នាតទៅ។ ផ្លូវចិត្ត មានអំណាចធំជាងរបងផ្ទះទៅទៀត, ស្នាមញញឹម និងការផ្តល់កិត្តិយស គឺជាស្នេហ៍មុខដ៏សំខាន់ជួយប្រែក្លាយសត្រូវឲ្យមកជាមិត្ត។
Comments
Post a Comment