អ្នកណាៗក៏សុទ្ធតែមានការភ័យខ្លាចក្នុងខ្លួនដែរ តែចាប់ពីពេលនេះតទៅ យើងត្រូវតែហ៊ានប្រឈមមុខនិងបញ្ហាទាំងឡាយ និងត្រូវកសាងជំនឿចិត្តឡើងវិញ។ កុំភ័យខ្លាចនឹងបោះជំហានទៅមុខ អ្វីដែលត្រូវភ័យខ្លាចតែម្យ៉ាងគត់ គឺការឈប់ស្ងៀមនេះឯង។
មិត្តដែលមានបំណងល្អជាមួយយើងពិតប្រាកដគេនឹងនិយាយថា “កុំបារម្ភធ្វើអ្វី ! ឯងគិតស្មានតែខ្លួនឯងប៉ុណ្ណោះ តាមពិតគ្មានអ្វីត្រូវខ្លាចទេ!”។តែមិនថាជារូបអ្នកឫរូបខ្ញុំ សុទ្ធតែដឹងច្បាស់ថាការលួងលោមបែបនេះពិតជាមិនអាចជួយអ្វីបានទេ គឺគ្រាន់តែជួយឲ្យយើងបានធូរចិត្តរួចផុតពីក្តីរន្ធត់ញាប់ញ័រក្នុងរយះពេលប៉ុន្មាននាទីឬប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែមិនអាចលុបបំបាត់ការភ័យខ្លាចជារៀងរហូតឬក៏មិនបានជួយបណ្តុះឲ្យកើតកម្លាំងចិត្តបន្តិចណាទេ អ្នកត្រូវប្រឈមមុខនឹងការភ័យខ្លាចដោយខ្លួនឯង បើមិនដូច្នោះទេអ្នកមុខជានឹងព្រមទទួលស្គាល់ថា ពិតជាមានអ្វីគួរឲ្យភ័យខ្លាចដូច្នេះដែរ មុននឹងអ្នកអាចយកឈ្នះទៅលើវា។


ការភ័យខ្លាចភាគច្រើននាពេលបច្ចុប្បន្ននេះគឺជាសភាវះផ្លូវចិត្ត ការព្រួយបារម្ភ ភាពតានតឹង ការខ្លាចញញើត និងការភ័យរន្ធត់ ដែលអ្វីទាំងនេះ កើតឡើងដោយកំហុសឆ្គងក្នុងការបញ្ចូលគំនិតមិនល្អមកក្នុងខួរក្បាល។ ប៉ុន្តែការដែលដឹងត្រឹមតែមូលហេតុ មិនអាចជួយឲ្យអ្នកព្យាបាលជំងឺភ័យខ្លាចនោះបានទេ ប្រៀបដូចជាគ្រូពេទ្យពិនិត្យឃើញថាសរីរាង្គផ្នែកខ្លះរបស់អ្នកមានឆ្លងមេរោគ គ្រូពេទ្យមិនអាចឈប់ត្រឹមហ្នឹងទេ គាត់ត្រូវតែព្យាបាល។ការភ័យខ្លាចគឺជាសត្រូវដ៏កំណាចរបស់ជោគជ័យ ការភ័យខ្លាច គឺជារនាំងឃាំងមនុស្សទាំងឡាយមិនឲ្យគេស្រវាចាប់យកឪកាសឲ្យបានពេញលេញ ការភ័យខ្លាចកាត់បន្ថយភាពរឹងប៉ឹងរបស់សារពាង្គកាយ ការភ័យខ្លាចនាំឲ្យមានជំងឺ នាំឲ្យចិត្តទន់ជ្រាយ នាំឲ្យអាយុខ្លី ការភ័យខ្លាចនឹងបំបិទមាត់អ្នកនៅពេលណាដែលអ្នកចង់និយាយអ្វី។
Comments
Post a Comment